លក្ខណៈដូចគ្នា៖
- គឺជាការយកអចលវត្ថុមកធានាការសងបំណុល (ប្រាតិភោគអចលនវត្ថុ)
- ធ្វើឡើងជាលាយលក្ខណ៍អក្សរតាមរូបមន្តច្បាប់ មានការទទួលស្គាល់ដោយអាជ្ញាធរមានសមត្ថកិច្ច និងចុះបញ្ជីនៅអង្គភាពសុរិយោដី។
- ម្ចាស់បំណុលមិនអាចក្លាយជាកម្មសិទ្ធករលើទ្រព្យដែលបានដាក់ធានានោះបានទេ តែម្ចាស់បំណុលមានសិទ្ធិក្នុងការប្ដឹងទៅតុលាការដើម្បីឱ្យលក់ទ្រព្យដោយបង្ខំដើម្បីសងបំណុលខ្លួន។
លក្ខណៈខុសគ្នា៖
១. ហ៊ីប៉ូតែក៖ ទ្រព្យតែមួយអាចធ្វើហ៊ីប៉ូតែក(ចុះបន្ទុក) ច្រើនបន្តបន្ទាប់គ្នាបាន មានន័យថា កូនបំណុលអាចយកទ្រព្យដដែលទៅធ្វើហ៊ីប៉ូតែកជាមួយម្ចាស់បំណុលផ្សេងទៀតបាន។ ម្ចាស់បំណុលម្នាក់ៗប្រើសិទ្ធិតាមលំដាប់អាទិភាពនៃហ៊ីប៉ូតែករបស់ខ្លួន។ ទ្រព្យដែលកំពុងដាក់បញ្ចាំមិនអាចដាក់ហ៊ីប៉ូតែកបានឡើយ។
២. ការដាក់ធានា៖ កូនបំណុលត្រូវប្រគល់ឱ្យម្ចាស់បំណុលនូវប័ណ្ណកម្មសិទ្ធដើម្បីធានាការសងបំណុល។ ការដាក់ធានាមិនអាចត្រូវបានធ្វើច្រើនបន្តបន្ទាប់គ្នាលើទ្រព្យតែមួយបានទេ។ ការដាក់ធានា ម្ចាស់បំណុលមិនមានសិទ្ធអាស្រ័យផលលើទ្រព្យនោះបានទេ។
៣. ការដាក់បញ្ចាំ៖ គឺជាការប្រគល់ឱ្យម្ចាស់បំណុលនូវទ្រព្យដើម្បីធានាការសងបំណុល ហើយម្ចាស់បំណុលមានសិទ្ធិអាស្រ័យផលលើទ្រព្យនោះ(ករណីមានចែងក្នុងកិច្ចសន្យា)។ ករណីកូនបំណុលសងបំណុលរួចរាល់ ម្ចាស់បំណុលត្រូវប្រគល់ទ្រព្យនោះឱ្យកូនបំណុលវិញ៕